នៅថ្ងៃ សុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ១១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត ប្រចាំសហរដ្ឋអាមេរិក អមដំណើរដោយមន្រ្តីស្ថានទូត បានឆ្លៀតពេលដ៏មមារញឹក មានចិត្តជ្រះថ្លាអញ្ជើញដឹកនាំពាំយួរ យកទេយ្យទាន ចង្ហាន់ និងបច្ច័យបួន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់នៅវត្តខ្មែរ ពុទ្ធិការាម។ សូមជម្រាបថា ថ្ងៃនេះគឺជាវេនរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការវេរទេយ្យទាន និងចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃគង់ក្នុងវត្តខ្មែរពុទ្ធិការាមនេះ ដែលជាប្រពៃណីបន្តគ្នារាប់ជំនាន់មកហើយ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានឧទ្ទិសបុណ្យកុសលដែលកើតឡើងដោយអំពើល្អក្នុងថ្ងៃនេះ ដល់បុព្វការីជន និងបុព្វបុរសខ្មែរគ្រប់រូបដែលបានចែកឋានទៅបរលោក ដោយសារបុព្វហេតុជាតិ សូមឱ្យបុព្វការីជនទាំងនោះ បានសោយសុខក្នុងឋានបរមសុខ។ ឯកឧត្តម ក៏សូមជូនកងការមហាកុសលក្នុងថ្ងៃនេះ ដល់ប្រជាជនខ្មែរក្នុងនិងក្រៅប្រទេស សូមឱ្យប្រកបដោយពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ចុងបញ្ចប់នៃការប្រគេនទេយ្យទាន ឯកឧត្តម ក៏អធិដ្ឋានផ្សព្វផ្សាយមេត្តាចិត្តដល់សព្វសត្វទាំងអស់ និងបួងសួងសូមអោយពិភពលោកទទួលបានសុខសន្តិភាពរួមរស់ជាសុខ ប្រាស់ចាកពីជម្ងឺដង្កាត់ទាំងអស់គ្នា។ Comments are closed.
|
Activities Archives
September 2024
|