Letter from His Excellency Keo Chhea, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the United States and Mexico to the Cambodian people in the United States and Mexico.
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ និងជំរុញការយល់ដឹងអំពីវប្បធម៌ ក៏ដូចជា ម្ហូបខ្មែរដល់ភ្ញៀវបរទេស នៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីសំណាក់ភ្ញៀវបរទេសប្រមាណជាង ១០០ នាក់។ ក្នុងឱកាសនោះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានថ្លែងសុន្ទករថា ដោយសម្ដែងនូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិតិ្តយសទាំងអស់ដែលបានមកចូលរួមកម្មវិធី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដែលត្រូវបានរៀបចំចំនួន ២លើក រួចមកហើយ។ ឯកឧត្តមឯកអគ្គរាជទូត បានលើកទឹកចិត្តឱ្យភ្ញៀវបរទេសទាំងអស់ ធ្វើដំណើរទៅទស្សនាកម្ពុជា ដែលជាប្រទេសសំបូរដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ដ និងអេកូ-ទេសចរណ៍ស្រស់ស្អាតជាច្រើន។ ជាមួយគ្នានេះ លោក អ៊ុំ សុជាតិ ទីប្រឹក្សា ក៏បានធ្វើបទបង្ហាញជូនភ្ញៀវកិត្តិយសផងដែរ អំពីស្ថានភាពទូទៅនៃប្រទេសកម្ពុជា និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ ភ្ញៀវកិត្តិយសទាំងអស់ បានទស្សនាការសម្ដែងរបាំអប្សរាខ្មែរ និងបានបរិភោគម្ហូប-អាហារខ្មែរដោយឆ្ងាញ់ពិសា ហើយជាចុងបញ្ចប់ បានចូលរួមរាំលេងកំសាន្ដ ដោយក្ដីសប្បាយរីករាយ។ កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា អមដោយ លោក តាន់ អៀងដាវីឌ លេខាធិការទី ២ បានចូលរួមកម្មវិធីអាហារថ្ងៃត្រង់ការងារ រវាងគណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីងតោន និងលោក Kevin Rudd ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំសហរដ្ឋអាមេរិក ដោយបានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍រួម។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីពិសារអាហារសាមគ្គី ជាមួយបងប្អូនខ្មែរ-អាមេរិក ដែលអញ្ជើញមកពីបណ្ដារដ្ឋផ្សេងៗ នៅសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានមានមតិសំណេះសំណាលជាមួយបងប្អូនខ្មែរ-អាមេរិក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរ-អាមេរិក ដែលកន្លងមកតែងតែ រួបរួមសាមគ្គីគ្នា និង ជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ ព្រមទាំងបានចូលរួមសកម្មភាពផ្សេងៗ ដែលរៀបចំឡើងដោយស្ថានទូត និងសហគមន៍ខ្មែរនៅបណ្ដារដ្ឋនានា នៅសហរដ្ឋអាមេរិក។ ឯកឧត្តម ក៏បានលើកទឹកចិត្តផងដែរឱ្យបងប្អូនខ្មែរ-អាមេរិក នៅតាមបណ្ដារដ្ឋទាំងអស់នៃសហរដ្ឋអាមេរិក ត្រូវបន្តស្រលាញ់ រួបរួមសាមគ្គី គាំទ្រ យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូនខ្មែរដែលមានឈាមតែមួយ ដើម្បីកសាងសហគមន៍ខ្មែរដ៏រឹងមាំមួយ នៅសហរដ្ឋអាមេរិក។ នៅថ្ងៃទី ២២ខែ មិថុនា ឆ្នាំ ២០២៤ ឯកឧត្ដម កែវ ឈា
ឯកអគ្គរាជទូត និងសហការីប្រចាំស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារយុវជនអញ្ជើញមកពីរដ្ឋ Minnesota បានចូលថ្វាយបង្គំព្រះអង្គ អ៊ូផាត់ សុវណ្ណ ព្រះចៅអធិការវត្ដសុវណ្ណារាម ដែលជាវត្តខ្មែរតែមួយគត់ស្ថិតនៅទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខបង-ប្អូនប្រជាពុទ្ធបរិស័ទ ព្រមទាំងបានចូលរួមចំណែកប្រគេនបច្ច័យដើម្បីកសាងនិងដាំកូនឈើនៅក្នុងបរិវេណវត្តផងដែរ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុំ សុជាតិ ទីប្រឹក្សាស្ថានទូត និងលោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្ម បានចូលរួមកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់រវាងគណៈកម្មាធិការអាស៊ាននៅវ៉ាស៊ីតោន (ACW) និងលោកស្រីបណ្ឌិត Gracelin Baskaran, ជា Expert and Director of Project on Critical Minerals Security នៃ Center for Strategic and International Studies ដើម្បីស្តាប់ការចែករំលែករបស់លោកស្រីបណ្ឌិតលើ Project on Critical Minerals Security និងការដើរតួនាទីរបស់អាស៊ានក្នុងវិស័យនេះនាពេលខាងមុខ។
កាលពីថ្ងៃទី១៤ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២៤ លោក ហន ឧសភា លេខាធិការទី២ និងជាកុងស៊ុលនៃស្ថានទូត បានចូលរួមក្នុងកម្មវិធី Sabaidee Festival ក្នុងនាមជា Cutural Ambassador នៃកម្មវិធី និងថ្លែងទៅកាន់សហគមន៍អាសុីអាគ្នេយ៍នៅមុនការសម្តែងដ៏កក្រើករបស់សិល្បករ-ការិនីខ្មែរ រួមមាន វណ្ណដា វណ្ណថាន Jay Chan នៅ Prado Regional Park រដ្ឋ California។
ក្នុងឱកាសនេះ លោកកុងស៊ុល ក៏បានជួបប្រាស្រ័យទាក់ទងជាមួយសិល្បករ-ការិនីដែលបានចូលរួមសម្តែងក្នុងកម្មវិធី និងអង្គការ សមាគមន៍ វិចិត្រករ ម្ចាស់ស្តង់លក់ម្ហូបអាហារខ្មែរ ផងដែរ។ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត អមដោយលោក តាន់ អៀងដាវីឌ លេខាធិការទី២ បានចូលរួមកម្មវិធី ASEAN Centre Speaker Series ក្រោមប្រធានបទ ASEAN-US Comprehensive Strategic Partnership: Partnership for Peace, Prosperity and People ដែលមាន ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន ចូលរួមជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយ Ambassador Piper Campbell នៅ ASEAN-US Centre កាលពីល្ងាច ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤។
នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានចូលរួមកម្មវិធីអាហារថ្ងៃត្រង់ការងារ រវាងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងបណ្តាក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយ ASEAN-US Business Council នារដ្ឋធានីវ៉ាស៊ីងតោន។ ចូលរួមក្នុងពិធីនោះ រួមមានលោកស្រី Tummy Dagworthy សមាជិកព្រឹទ្ធសភាអាមេរិក ឯកអគ្គរាជ/រដ្ឋទូតអាមេរិកប្រចាំអាស៊ាន មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា ក្រុមហ៊ុន Boeing, Marriott, Ford, ConocoPhillips, Walmart, ExxonMobil, និងក្រុមហ៊ុន Business Consultancy មួយចំនួនទៀត។
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត បានអញ្ជើញចូលរួមកិច្ចប្រជុំរវាង គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងវ៉ាស៊ីនតោន និង ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលឯកឧត្តម បំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងន័យពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក។
|
Activities Archives
September 2024
|